ទឹកឃ្មុំ គឺជា ឱសថប្រចាំគ្រួសារ ដែលមានអត្ថប្រយោជន៍ ដល់សម្រស់ សុខភាព ដូចជា ការពុលអាហារ សូម្បីតែអ្នកជំងឺទឹកនោមផ្អែម ក៏ អាចពិសាទឹកឃ្មុំបានដែរបើសិន ទឹកឃ្មុំនោះសុទ្ធ មិនលាយស្ករ។
កញ្ញា នូវ នូទិក ជាមន្ត្រីផលិតកម្ម និង លក់នៅ ក្រុមហ៊ុន Nature Wild បានបង្ហើបពីគន្លឹះពិនិត្យទឹកឃ្មុំសុទ្ធ ឬ មិនសុទ្ធថា ទឹកឃ្មុំសុទ្ធត្រូវឆ្លងកាត់ ការពិសោធន៍ iodine ជាមុនសិន។ iodine test គឺជា ការពិសោធន៍មួយដែលគេប្រើ សារធាតុ iodine ដើម្បីដឹងថា ទឹកឃ្មុំនោះ មានលាយសារធាតុស្ករឬក៏អត់។
កញ្ញាក៏បានបន្តទៀតថា តាមវិធី សាមញ្ញៗ ដែលគេនិយមធ្វើតាមគ្នា មិនអាចបញ្ជាក់ថា ទឹកឃ្មុំនោះសុទ្ធ ១០០% ទេ។
១. ដាក់ទូទឹកកក
ទឹកឃ្មុំសុទ្ធ មិនកកឡើយ ទោះបីជាត្រូវបានដាក់នៅ ក្នុងធ្នើរកកក៏ដោយ។ ប៉ុន្តែផ្អែកតាមការស្រាវជ្រាវរបស់កញ្ញា ផ្ទាល់ ជាមួយអ្នកជំនាញជនជាតិ ជប៉ុន ការពិសោធបែបនេះ មិនមានភាពជាក់លាក់ទេ។
ទឹកឃ្មុំដែលកញ្ញាច្បាស់ ថា សុទ្ធដោយការពិសោធហើយ បែរជាកក និង ឡើងក្រាមទៅវិញ។ ប៉ុន្តែក្រោយពីអ្នកជំនាញ សិក្សាលើទឹកឃ្មុំនោះរហូតដល់ប្រទេសជប៉ុនរួច លទ្ធផលបង្ហាញថា ទឹកឃ្មុំដែលកកនោះពិតជាទឹកឃ្មុំសុទ្ធមែន ប៉ុន្តែ ដោយសារវាមានផ្ទុកនូវសារធាតុ Crystal ទើបបង្កជាក្រាម។
សារធាតុ Crystal នេះអាស្រ័យទៅលើ ផ្កាព្រៃដែលឃ្មុំទៅក្រេប។ កាលណាឃ្មុំក្រេបចំផ្កា មានសារធាតុ Crystal នោះទឹកឃ្មុំដែលផលិតបាន នឹងបង្កជាក្រាមពេលស្ថិតក្រោមសីតុណ្ហភាពត្រជាក់។
២. ស្រមោចមិនរោម
ទឹកឃ្មុំ សុទ្ធស្រមោចមិនរោមឡើយ ព្រោះវាផ្ទុកទៅដោយសារធាតុថ្នាំនៃរុក្ខជាតិឈើផ្សេងៗ ហើយក្ដៅ។ តែបើទឹកឃ្មុំ មិនសុទ្ធឬទឹកឃ្មុំលាយស្ករ ស្រមោចនឹងរោមជាក់ជាមិនខាន។ ចំពោះចំណុចនេះ កញ្ញានូទិក បានបញ្ជាក់ថា កញ្ញាធ្លាប់ចាក់ទឹកឃ្មុំសុទ្ធ ចោល ហើយមានស្រមោច ក្រហមមករោម តែស្រមោចខ្មៅ និង ស្រមោចភ្លើងអត់មករោមទេ។
៣. ឃ្មុំនៅក្នុងផ្លិត
អ្នកលក់ទឹកឃ្មុំនៅបណ្ដាខេត្តមួយចំនួនលក់ទាំងផ្លិតដែល អ្នកទិញជឿថា វាជាទឹកឃ្មុំសុទ្ធមិនលាយស្ករ ។ កញ្ញា នូទិក ក៏បានប្រាប់ពីបញ្ហានេះថា ជាទឹកឃ្មុំមិនលាយស្ករមែនតែ ពួកគាត់ (អ្នកលក់) ដាក់ទឹកស្ករឱ្យឃ្មុំបឺត ដូច្នេះពួកគេនៅតែបានទឹកឃ្មុំគ្រាន់តែមិនមែនជាទឹកឃ្មុំធម្មជាតិ។ មានន័យថា ឃ្មុំចិញ្ចឹម បឺតទឹកស្ករ ទឹកឃ្មុំក៏មានជាតិស្ករស្រាប់ទៅហើយដែរ។
ចំណុចគួរកត់សម្គាល់មួយទៀត បើយកវត្ថុដែលធ្វើពីដែកទៅផ្ទុក ទឹកឃ្មុំនោះ វាធ្វើឱ្យទឹកឃ្មុំខូចគុណភាពព្រោះ ទឹកឃ្មុំសុទ្ធ មានកម្ដៅស្រាប់ ដូច្នេះបើប្រើជាមួយសារធាតុដែក ជាតិដែកនឹងចេញមកប៉ះពាល់ដល់គុណភាពទឹកឃ្មុំ។ ហេតុនេះហើយ ការប្រមូលឃ្មុំព្រៃគេតែងតែប្រើ ពិដុងជ័រ ដើម្បីផ្ទុកនិងរក្សាគុណភាពវា។ នេះបើតាមការលើកឡើងរបស់ មន្រ្តីផលិតកម្ម និងលក់ខាងលើ។
ចំណុចទាំងនេះបញ្ជាក់ឱ្យឃើញថា បើចង់ដឹងទឹកឃ្មុំណាសុទ្ធឬមិនសុទ្ធ មានតែការពិសោធ តាមបែបវិទ្យាសាស្ត្រប៉ុណ្ណោះដែល ធានាបាននូវ គុណភាព។ រីឯការនិយមធ្វើតៗគ្នា មិនអាចបញ្ជាក់បាន ១០០%ទេ។
កញ្ញា នូទិក ក៏បានផ្ដាំផ្ញើផងដែរថា អ្នកទិញគួរតែមានការប្រុងប្រយ័ត្នខ្ពស់។ ការទិញទៀតសោតគួរតែ រើសយកក្រុមហ៊ុនណាដែលមានស្ដង់ដា ហ៊ានធានានូវគុណភាព ឬត្រូវស្គាល់ប្រវត្តិទឹកឃ្មុំច្បាស់ ទើបមិនខាតប្រាក់កាស និង មិនប៉ះពាល់ដល់សុខភាព៕