Wednesday, May 30, 2018


ទឹក​ឃ្មុំ ​គឺ​ជា ​ឱសថ​ប្រចាំ​គ្រួសារ​ ដែល​មាន​អត្ថប្រយោជន៍ ដល់​សម្រស់​ សុខភាព​ ដូច​ជា ​ការ​ពុល​អាហារ សូម្បី​តែ​អ្នក​​ជំងឺ​ទឹកនោម​ផ្អែម ក៏​ អាច​ពិសា​ទឹក​ឃ្មុំ​បាន​ដែរ​បើ​សិន​ ទឹក​ឃ្មុំ​នោះ​សុទ្ធ មិន​លាយ​ស្ករ។

កញ្ញា​ នូវ នូទិក​ ជា​មន្ត្រី​ផលិត​កម្ម​ និង​ លក់​នៅ ក្រុម​ហ៊ុន​ Nature Wild បាន​បង្ហើប​ពី​គន្លឹះ​ពិនិត្យ​ទឹក​ឃ្មុំ​សុទ្ធ​ ឬ ​មិន​សុទ្ធ​​ថា ទឹក​ឃ្មុំ​សុទ្ធ​ត្រូវ​ឆ្លង​កាត់​ ការ​ពិសោធន៍​ iodine ជាមុន​សិន។ iodine test គឺ​ជា​ ការ​ពិសោធន៍​មួយ​ដែល​គេ​ប្រើ​ សារធាតុ iodine ដើម្បី​ដឹង​ថា​ ទឹក​ឃ្មុំ​នោះ មាន​លាយ​សារធាតុ​ស្ករ​ឬ​ក៏​អត់។
កញ្ញា​ក៏​បាន​បន្ត​ទៀត​ថា តាម​វិធី​ សាមញ្ញ​ៗ ដែល​គេ​និយម​ធ្វើ​តាម​គ្នា​ មិន​អាច​បញ្ជាក់​ថា ​ទឹក​ឃ្មុំ​នោះ​សុទ្ធ​ ១០០%​ ទេ។

១. ដាក់​ទូ​ទឹក​កក

ទឹក​ឃ្មុំ​សុទ្ធ​ មិន​កក​ឡើយ​ ទោះ​បី​ជា​ត្រូវ​បាន​ដាក់​នៅ​ ក្នុង​ធ្នើរ​កក​ក៏​ដោយ។ ប៉ុន្តែ​ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​របស់​កញ្ញា​ ផ្ទាល់​ ជាមួយ​អ្នក​ជំនាញ​​ជន​ជាតិ​ ជប៉ុន​​ ការ​ពិសោធ​បែប​នេះ មិន​មាន​ភាព​ជាក់​លាក់​ទេ។

ទឹក​ឃ្មុំ​ដែល​កញ្ញា​ច្បាស់​ ថា សុទ្ធ​ដោយ​ការ​ពិសោធ​ហើយ បែរ​ជា​​កក​ និង ឡើង​ក្រាម​ទៅ​វិញ។ ប៉ុន្តែ​ក្រោយ​ពី​អ្នក​ជំនាញ​ សិក្សា​លើ​ទឹក​ឃ្មុំ​នោះ​រហូត​ដល់​ប្រទេស​ជប៉ុន​រួច​ លទ្ធផល​​បង្ហាញ​ថា​ ទឹក​ឃ្មុំ​ដែល​កក​នោះ​ពិត​ជា​ទឹក​ឃ្មុំ​សុទ្ធ​មែន ប៉ុន្តែ​ ដោយ​សារ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ Crystal ទើប​បង្ក​ជា​ក្រាម។

សារធាតុ​ Crystal នេះ​អាស្រ័យ​ទៅ​លើ​ ផ្កា​ព្រៃ​ដែល​ឃ្មុំ​ទៅ​ក្រេប។ កាល​ណា​ឃ្មុំ​ក្រេប​ចំ​ផ្កា មាន​សារធាតុ​ Crystal នោះ​ទឹក​ឃ្មុំ​ដែល​ផលិត​បាន នឹង​បង្ក​ជា​ក្រាម​ពេល​ស្ថិត​ក្រោម​សីតុណ្ហភាព​ត្រជាក់។​

២. ស្រមោច​មិន​រោម

ទឹក​ឃ្មុំ សុទ្ធ​ស្រមោច​មិន​រោម​ឡើយ​ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ថ្នាំ​នៃ​រុក្ខជាតិ​ឈើ​ផ្សេងៗ ហើយ​ក្ដៅ​។ តែ​បើ​ទឹក​ឃ្មុំ​ មិន​សុទ្ធ​ឬ​ទឹក​ឃ្មុំ​លាយ​ស្ករ​ ស្រមោច​នឹង​រោម​ជាក់​ជា​មិន​ខាន។ ចំពោះ​ចំណុច​នេះ កញ្ញា​នូទិក បាន​បញ្ជាក់​ថា កញ្ញា​ធ្លាប់​ចាក់​ទឹក​ឃ្មុំ​សុទ្ធ​ ចោល​ ហើយ​​មាន​ស្រមោច​ ក្រហម​មក​រោម តែ​ស្រមោច​ខ្មៅ​ និង​ ស្រមោច​ភ្លើង​អត់​មក​រោម​ទេ។

៣. ឃ្មុំ​នៅ​ក្នុង​ផ្លិត​
​​
អ្នក​លក់​ទឹក​ឃ្មុំ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​លក់​ទាំង​ផ្លិត​ដែល អ្នក​ទិញ​ជឿ​ថា វា​ជា​ទឹក​ឃ្មុំ​សុទ្ធ​មិន​លាយ​ស្ករ​ ។ កញ្ញា​ នូទិក​ ក៏​បាន​ប្រាប់​ពី​បញ្ហា​នេះ​ថា ជា​ទឹក​ឃ្មុំ​មិន​លាយ​ស្ករ​មែន​តែ​ ពួក​គាត់ (អ្នកលក់) ដាក់​ទឹក​ស្ករ​ឱ្យ​ឃ្មុំ​បឺត​ ដូច្នេះ​ពួក​គេ​នៅ​តែ​បាន​ទឹក​ឃ្មុំ​គ្រាន់​តែ​មិន​មែន​ជា​ទឹក​ឃ្មុំ​ធម្មជាតិ។ មាន​ន័យ​ថា ​ឃ្មុំ​ចិញ្ចឹម​ បឺត​​ទឹក​ស្ករ ទឹក​ឃ្មុំ​ក៏​មាន​ជាតិ​ស្ករ​ស្រាប់​ទៅ​ហើយ​ដែរ។

ចំណុច​គួរ​កត់​សម្គាល់​មួយ​ទៀត​ បើ​យក​​វត្ថុ​ដែល​ធ្វើ​ពី​ដែក​ទៅ​ផ្ទុក ទឹក​ឃ្មុំ​នោះ​ វា​ធ្វើ​ឱ្យ​ទឹក​ឃ្មុំ​ខូច​គុណភាព​ព្រោះ ទឹក​ឃ្មុំ​សុទ្ធ​ មាន​កម្ដៅ​ស្រាប់ ដូច្នេះ​បើ​ប្រើ​ជា​មួយ​សារធាតុ​ដែក​ ជាតិ​ដែក​នឹង​ចេញ​មក​ប៉ះពាល់​ដល់​​គុណភាព​ទឹក​ឃ្មុំ។ ហេតុ​នេះ​ហើយ ការ​ប្រមូល​ឃ្មុំ​ព្រៃ​គេ​តែង​តែ​ប្រើ ពិដុង​ជ័រ ដើម្បី​ផ្ទុក​និង​រក្សា​គុណភាព​វា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ មន្រ្តី​ផលិតកម្ម​ និង​លក់​ខាង​លើ។​

ចំណុច​ទាំង​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា បើ​ចង់​ដឹង​​ទឹក​ឃ្មុំ​ណា​សុទ្ធ​ឬ​មិន​សុទ្ធ​ មាន​តែ​ការ​ពិសោធ​ តាម​បែប​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ដែល​ ធានា​បាន​នូវ​ គុណភាព។ រី​ឯ​ការ​និយម​ធ្វើ​តៗ​គ្នា មិន​អាច​បញ្ជាក់​បាន​ ១០០%​ទេ។

កញ្ញា​ នូទិក ក៏​បាន​ផ្ដាំ​ផ្ញើ​ផង​ដែរ​ថា អ្នក​​ទិញ​គួរ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ការ​ទិញ​ទៀត​សោត​គួរ​តែ​ រើស​យក​ក្រុម​ហ៊ុន​ណា​ដែល​មាន​ស្ដង់​ដា​ ហ៊ាន​ធានា​នូវ​គុណភាព ឬ​ត្រូវ​ស្គាល់​ប្រវត្តិ​ទឹក​ឃ្មុំ​ច្បាស់ ​ទើប​មិន​ខាត​ប្រាក់​កាស​ និង ​មិន​ប៉ះ​ពាល់​ដល់​សុខភាព៕

0 comments:

Post a Comment

Facebook Page

Popular Posts

Recent Posts

Visitors

Flag Counter