Wednesday, May 30, 2018

ទឹកឃ្មុំ​ដែល​អន់​គុណភាព គឺជា​ទឹកឃ្មុំ​ដែល​មាន​លាយ​បន្ថែម​ជាតិ​ផ្អែម ដូចជា ស្ករ Sacchrose, Glucose, Dextrose, Mola-sses, Invert sugar, ម្សៅ​លម្អង​ឃ្មុំ ជាដើម ។​
​មនុស្ស​ភាគច្រើន ច្រើន​សម្គាល់ និង​យល់ច្រឡំ​ថា ទឹកឃ្មុំ​ដែល​ឡើង​ក្រាម​ខាងក្រោម​បាត​ដប គឺជា​ទឹកឃ្មុំ​ក្លែងក្លាយ តែ​ការពិត ទឹកឃ្មុំ​ដែល​សុទ្ធ និង​ខាប់​ល្អ គឺជា​សូលុយស្យុង​ដែល​ងាយ​នឹង​ឡើង​ក្រាម នៅពេល​យើង​ទុកដាក់​ក្នុង​លក្ខខណ្ឌ ត្រជាក់​ដូចជា​ក្នុង​ទូរ​ទឹកកក​ជាដើម ។​
​ការទិញ​ឃ្មុំ​ទាំង​ផ្លិត ឬ​ទិញ​ទាំង​សម្បុក ត្រូវបាន​គេ​ជឿជាក់ថា គេ​នឹង​បាន​ទឹកឃ្មុំ​មាន​គុណភាព​ល្អ​១០០% ប៉ុន្តែ​ការពិត ចំពោះ​ឃ្មុំ​ដែល​រស់នៅ​ក្បែរៗ​ទី​ដែល​មាន​ប្រភព​ទឹកត្នោត ទឹក​ស្ករ ឬ​ទឹកអំពៅ នោះ​ឃ្មុំ​នឹង​ទៅ​ក្រេប​ប្រភព​ស្ករ​ទាំងនោះ​មក​សម្បុក ហើយ​ឃ្មុំ​មិនទាន់​បាន​ចម្រាញ់​ប្រភេទ​ស្ករ​ទាំងនោះ ឱ្យ​ក្លាយជា​ទឹកឃ្មុំ​ឆ្អិន​ល្អ (​បម្លែង​ស្ករ​) តែ​យើង​យក​ទឹក​វា​មក​ប្រើប្រាស់ បណ្តាល​ឱ្យ​ទឹកឃ្មុំ​នោះ ក៏​ជា​ទឹកឃ្មុំ​អន់​គុណភាព​ដែរ ។​
​ដើម្បី​សម្គាល់​បាន​ថា ជា​ទឹកឃ្មុំ​សុទ្ធ ឬ​មិន​សុទ្ធ យើង​អាច​សម្គាល់ ដោយ​វិធីសាស្ត្រ​ងាយៗ​ដូចជា ៖
១. ដាក់​ដប​ទឹកឃ្មុំ​ចូល​ទូរ​ទឹកកក (​នៅ​ទីតាំង​កក​) បើ​ក្នុង​២៤​ម៉ោង ទឹក​ឃ្មុំ​មិន​កក​រឹង​ទេ ទឹក​ឃ្មុំ​នោះ គឺជា​ទឹកឃ្មុំ​សុទ្ធ ។​
២. ចាក់​ទឹកឃ្មុំ​ចូល​កែវ​ទឹក បើ​ឃើញ​ទឹកឃ្មុំ​ធ្លាក់ចុះ​ដល់​បាត​កែវ ដោយ​មិន​សូវ​មាន​រលាយ​ចូល​ទឹក នោះ​ជា​ប្រភេទ​ទឹកឃ្មុំ​សុទ្ធ ព្រោះ​ទឹកឃ្មុំ​សុទ្ធ​ល្អ មាន​ភាព​ស្អិត ។​
៣. ផ្កាប់​ដប​ទឹកឃ្មុំ​ចុះក្រោម បើ​ឃើញ​ទឹកឃ្មុំ​មាន​ស្អិត ជាប់​បាត​ដប​ច្រើន គឺជា​ទឹកឃ្មុំ​សុទ្ធ​ខាប់​ល្អ ។​
៤. លាប​ទឹកឃ្មុំ​ចូល​ភ្នែក បើ​ទឹកឃ្មុំ​សុទ្ធ នោះ​នឹង​បណ្តាល​ឱ្យ​ភ្នែក​ផ្សា និង​ចេញ​ទឹកភ្នែក ។​
៥. ទឹកឃ្មុំ​បរិមាណ​ច្រើន សត្វ​ស្រមោច​មិន​ហ៊ាន​មក​ក្បែរ​ឡើយ ។​
៦. សត្វ​ឆ្កែ​ចូលចិត្ត​លិទ្ធ​ទឹក​ស្ករ តែ​ឆ្កែ​មិន​លិទ្ធ​ទឹកឃ្មុំ​ឡើយ ។​
​វិធី​ទាំង​អម្បាលម៉ាន​ខាងលើនេះ មិន​មាន​ភាព​សុ​ក្រិត​១០០%​ទេ ចំពោះ​ទឹកឃ្មុំ​ក្លែងក្លាយ​កម្រិត​បច្ចេកទេស​ខ្ពស់ តែ​ជា​ទូទៅ​យើង​អាច​ទទួលយកបាន ។ ចំពោះ​វិធី​ដទៃទៀត គឺ​ការ​ជ្រលក់​ស្លឹក​ខ្ទឹម​ចូល​ទឹកឃ្មុំ ការបន្តក់​ទឹកឃ្មុំ​លើ​ក្រដាស ការ​ជ្រលក់​ក្បាល​ឈើគូស​ចូល​ក្នុង​ទឹកឃ្មុំ ការ​ជ្រលក់​អំបោះ​ទៀន​ចូល​ទឹកឃ្មុំ​រួច​ដុត ជាដើម សុទ្ធតែ​ជា​វិធី​ដែល​ធានាបាន​នូវ​ភាពត្រឹមត្រូវ​ទាប ៕
(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី​សៀវភៅ​បច្ចេកទេស​កសិកម្ម របស់​ក្រសួង​កសិកម្ម ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦)​

0 comments:

Post a Comment

Facebook Page

Popular Posts

Recent Posts

Visitors

Flag Counter