Wednesday, May 30, 2018

ទឹកឃ្មុំ ជា​សារធាតុ​រាវ​មាន​រសជាតិ​ផ្អែម ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ពពួកសត្វ​ឃ្មុំ​។ សត្វ​ឃ្មុំ ទៅ​ក្រេប​លំអងផ្កា​គ្រប់​ទីកន្លែង ដើម្បី​យក​មក​ផ្ទុក និង​ចិញ្ចឹម​កូន​ក្នុង​សំបុក​របស់​វា (​ផ្លិត​ឃ្មុំ​)​។ ទឹកឃ្មុំ ជា​របស់​ធម្មជាតិ ហើយ​មាន​សុវត្ថិភាព ក្នុងការ​ទទួលទាន ដរាបណា វា​គ្មាន​មេរោគ ឬ​ជាតិពុល ដោយសារ​កត្តា​បរិយាកាស ឬ​ផ្កា​មាន​ជាតិគីមី ពេល​ឃ្មុំ​ទៅ​ក្រេប​លំអងផ្កា​នោះ​។​
​រាងកាយ​ងាយ​ស្រួប​យក និង​ប្រើប្រាស់​ទឹកឃ្មុំ​។ វា​មាន​ជាតិ​ស្ករ ពី ៧០ ទៅ ៨០ ភាគរយ ក្រៅពីនេះ គឺជា​ទឹក សារធាតុ​រ៉ែ ប្រូតេអ៊ីន អាស៊ី​ត និង​សារធាតុ​ផ្សេងៗ​ទៀត​។ ទឹកឃ្មុំ ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​សម្លាប់​មេរោគ​លើ​មុខរបួស ជំនួយ​ស្បែក ព្យាបាល​ក្រពះ និង​ពោះវៀន​។​ល​។​
​មាន​ការសិក្សា​ជា​ច្រើន ដែល​ទាក់ទង​ទៅ​នឹង​ទឹកឃ្មុំ ប៉ុន្តែ មិន​មាន​ការ​បញ្ជាក់​ច្បាស់ ១០០ ភាគរយ​នោះ​ទេ​។ យ៉ាងណាមិញ ខាងក្រោម​នេះ គឺជា​សារៈប្រយោជន៍​មួយចំនួន​នៃ​ទឹកឃ្មុំ ដែល​ត្រូវបាន​គេ​ចាត់​ចំណាត់ថ្នាក់ ពី​កម្រិត ១ ទៅ ៥ ដោយ​អ្នកជំនាញ​ផ្នែក​សុខភាព​។​
​កម្រិត​ទី ១ មាន​ភស្តុតាង​ច្បាស់លាស់​
​កម្រិត​ទី ២ មាន​ភស្តុ​ល្អ​គួរសម​
​កម្រិត​ទី ៣ ភស្តុតាង​មិនសូវ​ច្បាស់លាស់​
​កម្រិត​ទី ៤ មាន​ភស្តុតាង​គួរសម ថា​មិន​ត្រូវ​ប្រើ​ទឹកឃ្មុំ​ឡើយ (​ប៉ុន្តែ គ្មាន​បានការ​)
​កម្រិត​ទី ៥ មាន​ភស្តុតាង​ច្រើន ថា​មិន​ត្រូវ​ប្រើ​ទឹកឃ្មុំ​ឡើយ (​ប្រហែលជា​គ្មាន​បានការ​)

​កម្រិត​ទី ៣ ភស្តុតាង​មិនសូវ​ច្បាស់លាស់​
-​    ​ការ​រលាក ៖ ទឹកឃ្មុំ អាច​ព្យាបាល​ការ​រលាក និង​ការឆ្លង​មេរោគ​បាន​។​
-​    ​បំបាត់​ក្អក ៖ ទឹកឃ្មុំ ជា​ឱសថ​ធម្មជាតិ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ចំណាយ​លុយ​តិច​ទៀតផង​។​
-​    ​ជំងឺ​ទឹកនោម​ផ្អែម ៖ ទឹកឃ្មុំ ល្អ​សម្រាប់​ដំបៅ​រលួយ ដែល​បណ្តាល​មកពី ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។​
-​    ​លំ​ហាត់ប្រាណ ៖ ការសិក្សា​បង្ហាញថា ទឹកឃ្មុំ ផ្តល់​ថាមពល និង​ជួយ​ឲ្យ​អ្នកធ្វើការបាន​យូរ​។​
-​    ​ជំងឺ​ក្រពះ​ពោះវៀន ៖ វា​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​អ្នក​ឧស្សាហ៍​ឈឺក្រពះ​ពោះវៀន​។​
-​    ​ជំងឺ​មាត់​ធ្មេញ ៖ ទឹកឃ្មុំ អាច​ជួយ​ជម្រុះ និង​សម្អាត​ជាតិ​កំបោរ និង​មេរោគ​ក្នុង​មាត់​បាន​យ៉ាង​ល្អ​។​
-​    ​ជំងឺ​ឬ​ស​ដូង​បាត ៖ ទឹកឃ្មុំ អាច​កាត់បន្ថយ​ការ​រមាស់ ការឈឺចាប់ និង​ការ​ផលវិបាក​នានា ដែល​បណ្តាលមកពី​ជំងឺ​នេះ​។​
-​    ​ជំងឺ​លើស​សម្ពាធ​ឈាម ៖ វា​អាច​កាត់បន្ថយ និង​បញ្ចុះ​សម្ពាធ​ឈាម​បាន​មួយ​ចំនួន​ផងដែរ​។​
-​    ​កូឡេស​ស្តេ​រ៉ុល ៖ ការសិក្សា​មួយ​ចំនួន បានបង្ហាញ​ថា ទឹកឃ្មុំ អាច​បញ្ចុះ​កម្រិត​កូឡេស​ស្តេ​រ៉ុល​អាក្រក់ ដែល​បង្ក​ជា​បញ្ហា​នានា ចំពោះ​សុខភាព​។​
-​    ​កង្វះ​អាហារូបត្ថម្ភ ៖ ទឹកឃ្មុំ មាន​ផ្ទុក​សារធាតុចិញ្ចឹម និង​វីតាមីន​មួយចំនួន ដូច្នេះ អ្នក​ដែល​មាន​រាងកាយ​ស្គមស្គាំង និង​ឆាប់​អស់កម្លាំង អាច​ញ៉ាំ​វា​បាន តាម​ការណែនាំ​របស់​គ្រូពេទ្យ​។​
-​    ​បង្កើន​ការចងចាំ ៖ អ្នក​ឧស្សាហ៍​ភ្លេច​ភ្លាំង អាច​ទទួល​ទាន​ទឹកឃ្មុំ ក្នុង​កម្រិត​មួយ​សមស្រប​បាន​។​
-​    ​ពង​បែក ឬ​ឈឺ​ក្នុង​មាត់ ៖ បញ្ហា​នេះ សម្រាប់​មនុស្ស​មួយចំនួន ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់​មែនទែន​។​
-​    ​ទម្លាក់​ប៉ា​រ៉ា​សិត ៖ មិន​មាន​ភស្តុ​ច្បាស់ អំពី​សារៈប្រយោជន៍​នេះ ប៉ុន្តែ វា​មាន​ផល​ល្អ សម្រាប់​មនុស្ស​មួយ​ភាគ​ធំ​ដែរ​។​
-​    ​រលាក​សួត ៖ មាន​ការសិក្សា​ខ្លះ​បញ្ជាក់ថា ទឹកឃ្មុំ អាច​ជួយ​ដល់​អ្នក ដែល​កំពុង​មាន​ជំងឺ​រលាក​សួត​។​
-​    ​រលាក​ច្រមុះ ឬ​ស៊ីនុស ៖ ទោះបីជា​យ៉ាងនេះក្តី វា​ទាមទារ​ការសិក្សា​បន្ថែម​ទៀត ដើម្បី​បញ្ជាក់​កាន់តែច្បាស់ អំពី​អត្ថប្រយោជន៍ នៃ​ការប្រើប្រាស់​ទឹកឃ្មុំ​។​
-​    ​ការ​រលាក​ស្បែក ឬ​អង្គែរ ៖ វា​មាន​ភស្តុតាង​មួយចំនួន​ដែរ ដែល​បញ្ជាក់ថា ទឹកឃ្មុំ អាច​ដោះស្រាយ​បញ្ហា​នេះ​។​
-​    ​ការវះកាត់ ៖ ទឹកឃ្មុំ អាច​ត្រូវបាន​គេ​ប្រើប្រាស់ ស្របគ្នា​ជាមួយ​នឹង​ថ្នាំ​អង់​ទី​ប្យូ​ទិក ដើម្បី​ពន្លឿន​ការ​ជាសះស្បើយ​។​
-​    ​ដំបៅ​រលួយ ៖ ទឹកឃ្មុំ អាច​ព្យាបាល​ដំបៅ​រលួយ បំបាត់​ការឈឺ​ចុកចាប់ ការ​ហើម និង​ក្លិនស្អុយ​ទៀតផង​។​
-​    ​ព្យាបាល​របួស ៖ វា​ត្រូវ​បាន​គេ​ជឿ​ថា អាច​ព្យាបាល​របួស និង​សម្លាប់​បាក់តេរី​បាន តាមរយៈ​ការ​ញ៉ាំ​ផ្ទាល់ ឬ​លាប​នៅលើ​មុខរបួស​។
​ចំណាំ ៖ អត្ថបទ​ខាងលើនេះ គ្រាន់តែ​ជា​ចំណេះដឹង សម្រាប់​បងប្អូន​ប៉ុន​នោះ ដូច្នេះ ដើម្បី​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ បងប្អូន​ត្រូវ​ពិគ្រោះ​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​៕
ប្រភព៖ www.health.com.kh

0 comments:

Post a Comment

Facebook Page

Popular Posts

Recent Posts

Visitors

Flag Counter